Sunday, April 30, 2017

វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់បានគ្រប់រដូវ

» ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម 🐔🐓🐤
» ជម្ងឺពេលមេឃក្តៅខ្លាំង
» ជម្ងឺមាន់នៅរដូវវស្សា
ជួយស៊ែរបន្តដល់កសិករយើងឲ្យបានដឹងផង!
* វិធីធ្វើថ្នាំ និងការប្រើប្រាស់៖
១ ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម៖
- ធាតុផ្សំ៖ ក្បាលខ្ជាយ ១០០ក្រាម ខ្ទឹមស ១០០ក្រាម ពន្លៃ ១០០ក្រាម និងសត្វក្អែបរស់ ជាសត្វពិស ១០០ក្រាម ស្រាស មានកម្រិត ៤០អង្សាចំនួនកន្លះលីត្រ។
- វិធីធ្វើ៖ យកធាតុផ្សំទាំងអស់មកច្រករួមគ្នាក្នុងដប រួចត្រាំជាមួយស្រាសនោះ។ ក្រោយពីត្រាំទុកឲ្យបានរយៈពេលកន្លះខែ កសិករអាចសម្រិតយកទឹកត្រាំរួចនោះ ដែលវាក្លាយជាថ្នាំ យកទៅច្រកមាត់មាន់សម្រាប់ព្យាបាលជំងឺមាន់។
- វិធីប្រើ៖ យកទៅឲ្យមាន់ផឹក ដោយបាញ់នឹងស៊ីរ៉ាំងតូចទំហំ ១សេសេ។ ការព្យាបាលមាន់ទម្ងន់ ៨ខាំ ព្យាបាល ០,៤ ឬ ០,៥សេសេ នៃទឹកថ្នាំដែលផ្សំនោះ។ យើងច្រកហើយ ក្នុងរយៈពេលតែ ៣ម៉ោងទៅ ៤ម៉ោងយើងអាចដឹង តែវាស្រួលខ្លួន វានឹងអាចដើររកស៊ីចំណី សញ្ញាដែលវាស្រួលខ្លួន គឺវាដើររកចំណីឡើងវិញហើយ។
២ ការពារជម្ងឺពេលមេឃក្តៅខ្លាំង៖
- ធាតុផ្សំ៖ សំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ គល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រយកតិចទេមួយចំណិតស្តើងតូច។
- វិធីប្រើ៖ យើងដំគល់ស្លឹកគ្រៃឲ្យទក់ និងសំបកគដំឲ្យទក់ៗ ដាក់ចូលក្នុងទឹក រួចចាក់ទឹក ២លីត្រមកត្រាំដាក់ឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃហ្នឹង។ បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះខ្លះ ប៉ុន្តែកុំឲ្យតែអស់ទឹករលីងពីស្នូកពេក។
៣ ការពារជម្ងឺនៅរដូវវស្សា៖
រដូវវស្សា រដូវដែលវាត្រជាក់មានភ្លៀងនោះ យើងត្រូវផ្សំខ្ទឹមស ហើយនិងខ្ញី។ វិធីធ្វើត្រូវយកខ្ទឹមស ហើយនិងខ្ញីឲ្យបាន៣ភាគ រួចយើងលាយស្ករត្នោតចំនួន ១ភាគ ហើយបុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ការពារពេលខែត្រជាក់។
១គីឡូចំណី អាចលាយទឹកថ្នាំជាត់ហ្នឹង១ស្លាបព្រាកាហ្វេ យកមកលាយជាមួយទឹកដើម្បីយកទៅដាក់ផ្សើមជាមួយចំណីដែលយើងលាយរួចនោះ ស្មានឲ្យតែល្មម សើមៗបានហើយ។
អត្ថបទដកស្រង់ វិទ្យុអាស៊ីសេរី

Friday, April 7, 2017

បច្ចេកទេសដាំដំណាំផ្ទី

១.លក្ខណៈទូទៅ ផ្ទីជាដំណាំបន្លែយកស្លឹក ប្រសិនបើយើងបរិភោគវាចំនួន ១០០ ក្រាម វាផ្តល់ឲ្យដូចជា៖ - ថាមពល ១៨ កាល់ឡូរី - ប្រូតេអ៊ីន ២ ក្រាម - ខ្លាញ់ ០,៤ ក្រាម - កាបូនអ៊ីត្រាត ២ ក្រាម - កាល់ស្យូម ១៥០ មីលីកា្រម - ដែក ២ មីលីក្រាម - វីតាមីនA ៣.១ មីលីក្រាម - វីតាមីនc ១១ មីលីក្រាម។
២.អំពីពូជ៖ ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។ ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។
៣.បច្ចេកទេសដាំដុះ៖ - រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ។ - ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ។ - គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ។ - ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធភាពដែលមាន។ ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។
៤. របៀបដាំ ឬសាប៖ - ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម។ - មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។ - ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត - ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ - គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ - ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ - បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។
៥.ការថែទាំ៖ ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ។ ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ។ ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។
៦.ការប្រមូលផល៖ គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។
៧.ការទុកដាក់ពូជ៖ នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ។ លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀត។ ឯកសារយោងអង្គការអប់រំពិភពលោក/កម្ពុជា

វិធីដែលយើងអាចបណ្ដុះផ្សិតកញ្ជោរ

វត្ថុធាតុដើមដែលត្រូវការ៖ ១- សំបុកកណ្ដៀរ 0,5គីឡូក្រាម ២- បាយស 1 គីឡូក្រាម ៣- ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន) *ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។ *ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។
 

វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់បានគ្រប់រដូវ

» ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម  🐔 🐓 🐤 » ជម្ងឺពេលមេឃក្តៅខ្លាំង » ជម្ងឺមាន់នៅរដូវវស្សា ជួយស៊ែរបន្តដល់កសិករយើងឲ្យបានដឹងផង! * ...