Friday, April 7, 2017

បច្ចេកទេសដាំដំណាំផ្ទី

១.លក្ខណៈទូទៅ ផ្ទីជាដំណាំបន្លែយកស្លឹក ប្រសិនបើយើងបរិភោគវាចំនួន ១០០ ក្រាម វាផ្តល់ឲ្យដូចជា៖ - ថាមពល ១៨ កាល់ឡូរី - ប្រូតេអ៊ីន ២ ក្រាម - ខ្លាញ់ ០,៤ ក្រាម - កាបូនអ៊ីត្រាត ២ ក្រាម - កាល់ស្យូម ១៥០ មីលីកា្រម - ដែក ២ មីលីក្រាម - វីតាមីនA ៣.១ មីលីក្រាម - វីតាមីនc ១១ មីលីក្រាម។
២.អំពីពូជ៖ ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។ ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។
៣.បច្ចេកទេសដាំដុះ៖ - រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ។ - ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ។ - គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ។ - ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធភាពដែលមាន។ ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។
៤. របៀបដាំ ឬសាប៖ - ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម។ - មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។ - ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត - ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ - គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ - ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ - បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។
៥.ការថែទាំ៖ ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ។ ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ។ ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។
៦.ការប្រមូលផល៖ គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។
៧.ការទុកដាក់ពូជ៖ នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ។ លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀត។ ឯកសារយោងអង្គការអប់រំពិភពលោក/កម្ពុជា

No comments:

Post a Comment

វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់បានគ្រប់រដូវ

» ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម  🐔 🐓 🐤 » ជម្ងឺពេលមេឃក្តៅខ្លាំង » ជម្ងឺមាន់នៅរដូវវស្សា ជួយស៊ែរបន្តដល់កសិករយើងឲ្យបានដឹងផង! * ...